កិច្ចព្រមព្រៀងអតិថិជនសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ
កិច្ចព្រមព្រៀងសម្រាប់ការជួញដូរឧបករណ៍និស្សន្ទធ្វើឡើងនៅរាជធានីភ្នំពេញរវាង៖
(១) ក្រុមហ៊ុន បី.អាយ.ស៊ី. ម៉ាឃីត ដែលមានអាសយដ្ឋានអាគារលេខ ៤៦២ ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០១១ ន.ម.ក./អ.ជ./ឈ.ឧ. ចេញដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងភ្នាក់ងារជើងសាឧបករណ៍និស្សន្ទឈ្មោះ_________________ទទួលបានអាជ្ញាបណ្ណលេខ _________________ ចេញដោយ ន.ម.ក.។
(២) ជាមួយអតិថិជន៖ ឈ្មោះ ដែលមានអាសយដ្ឋាន លេខអត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន លេខបញ្ជីពាណិជ្ជកម្ម (ករណីជាស្ថាប័ន)_________________ ចុះថ្ងៃទី____ ខែ ____ ឆ្នាំ____ ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចតទៅ
១. និយមន័យ
ឧបករណ៍និស្សន្ទ (Derivative Instrument)៖ សំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ហិរញ្ញវត្ថុដើមដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ លោហៈ ធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយបណ្ណ រួមទាំងគម្រោងការពារថ្លៃដើម (Principal Protected Scheme) ជាដើមនិងដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍និស្សន្ទទាំងនេះ គឺជាឧបករណ៍ ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។
អាជីវកម្មជើងសាឧបករណ៍និស្សន្ទ (Derivative Brokerage Business)៖ សំដៅដល់អាជីវកម្មផ្តល់ សេវាសម្រាប់ការជួញដូរឧបករណ៍និស្សន្ទក្នុងនាមជាភ្នាក់ងាររបស់អតិថិជនខ្លួន។
ក្រុមហ៊ុនសមភាគីកណ្តាល (Central Counterparty)៖ សំដៅដល់ក្រុមហ៊ុនដែលធ្វើជាដៃគូផ្ទាល់ ចំពោះរាល់កិច្ចសន្យាជួញដូរលើឧបករណ៍និស្សន្ទមួយ ឬច្រើន ពោលគឺក្លាយជា ភាគីអ្នកទិញចំពោះរាល់អ្នកលក់ និងក្លាយជាភាគីអ្នកលក់ចំពោះរាល់អ្នកទិញ។
គម្លាតថ្លៃ (Spread)៖ សំដៅដល់គម្លាតរវាងថ្លៃទិញ និងថ្លៃលក់នៃផលិតផល។
ច្បាប់ (Law)៖ សំដៅដល់ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។
ឈ្មួញជើងសាឧបករណ៍និស្សន្ទ (Derivative Broker)៖ សំដៅដល់ក្រុមហ៊ុនដែលត្រូវទទូលបាន អាជ្ញាបណ្ណ ឬក្រុមហ៊ុនមូលបត្រដែលទទួលបានការអនុញ្ញាតពីអគ្គនាយកនៃ ន.ម.ក. ដើម្បីធ្វើអាជីវកម្មជើងសាឧបករណ៍និស្សន្ទ។
ភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ (Derivative Representative)៖ សំដៅដល់រូបវន្តបុគ្គលដែលត្រូវទទួលអាជ្ញាបណ្ណពីអគ្គនាយកនៃ ន.ម.ក. ដើម្បីបើកនិងគ្រប់គ្រងគណនីឲ្យអតិថិជន និងផ្តល់សេវាផ្សេងៗទៀតក្នុងនាមឈ្មួញជើងសាឧបករណ៍និស្សន្ទ។
ម៉ាជីនដំបូង (Initial Margin)៖ សំដៅដល់ទំហំសាច់ប្រាក់ដំបូងដែលត្រូវបានកំណត់គិតជាភាគរយនៃទំហំវិនិយោគសរុបដែលអតិថិជនត្រូវដាក់តម្កល់ជាចាំបាច់ក្នុងគណនីមុនធ្វើការជួញដូរ។
អនុក្រឹត្យ (Anukret)៖ សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជូញដូរមូលបត្រមហាជន។
២. លក្ខខណ្ឌទូទៅ
២.១.អតិថិជនព្រមព្រៀងឲ្យក្រុមហ៊ុនបម្រើសេវាកម្មជាភ្នាក់ងាររបស់អតិថិជន និងមានសិទ្ធិក្នុងការធ្វើសកម្មភាពដែលទាក់ទងនឹងការជួញដូរឧបករណ៍និស្សន្ទក្នុងនាមអតិថិជន។ អតិថិជនព្រមព្រៀងអនុវត្ត កាតព្វកិច្ចនានា ដែលកើតចេញពីការអនុវត្តអាណត្តិដោយក្រុមហ៊ុនក្នុងដែនអនុញ្ញាត ដែលផ្តល់ដោយ អតិថិជនក្រោមកិច្ចព្រមព្រៀងនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
២.២.ក្រុមហ៊ុនមិនត្រូវធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទក្នុងគណនីអតិថិជនក្នុងនាមអតិថិជនក្នុងទម្រង់ជាគណនីឆន្ទានុសិទ្ធិឡើយ។
២.៣.ក្រុមហ៊ុនធានាថាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពី ន.ម.ក.ក្នុងការផ្តល់សេវាកម្មជូនអតិថិជន។
២.៤.ភាគីទាំងពីរទទួលស្គាល់ និងព្រមព្រៀងការបង់លាភការឲ្យក្រុមហ៊ុនដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះត្រូវបានកំណត់តាមតារាង [១] និងអាចប្រែប្រួលតាមការកំណត់របស់ ន.ម.ក.។ ក្រុមហ៊ុនអាចធ្វើបច្ចុប្បន្នកម្មតារាង [១] នៅពេលមានការផ្លាស់ប្តូរលាភការ និងត្រូវជូនដំណឹងដល់អតិថិជនជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរនោះ។ ការតម្លើងលាភការដែលត្រូវបង់ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះមាន សុពលភាពអនុវត្តលុះត្រាតែកិច្ចព្រមព្រៀងនេះបានធ្វើបច្ចុប្បន្នកម្ម ហើយអតិថិជនបានជូនដំណឹងជាលាយលក្ខណ៍អក្សរ ក្នុងការយល់ព្រម។
២.៥.អតិថិជនបានអាន និងយល់ច្បាស់ពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងលក្ខខណ្ឌទូទៅនៃការជួញដូរឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន និងធានាថាអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងលក្ខខណ្ឌទូទៅនេះ។
២.៦.អតិថិជនយល់ព្រមផ្តល់ជូនក្រុមហ៊ុននូវ៖
២.៧.ភាគីទាំងពីរព្រមព្រៀងថា ការជួញដូរឧបករណ៍និស្សន្ទ ត្រូវធ្វើឡើងអនុឡោមតាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធ។
២.៨.ក្រុមហ៊ុនត្រូវផ្តល់ជូនដល់អតិថិជន នូវរបាយការណ៍ស្តីពីប្រតិបត្តិការនៃការជួញដូរឧបករណ៍និស្សន្ទ ព្រមទាំងស្ថានភាព និងបម្រែបម្រួលនៃមូលនិធិរបស់អតិថិជនក្នុងថ្ងៃជួញដូរបន្ទាប់ពីកាលបរិច្ឆេទនៃប្រតិបត្តិការរបស់អតិថិជន និងត្រូវរៀបចំរបាយការណ៍ជួញដូរឧបករណ៍និស្សន្ទដើម្បីជូនដំណឹងពីសមតុល្យសាច់ប្រាក់ ស្ថានភាពជួញដូរឧបករណ៍និស្សន្ទ និងម៉ាជីនរបស់អតិថិជនដើម្បីឲ្យអតិថិជនបានដឹង និង/ឬផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងអំឡុងពេលម៉ោងធ្វើការ។ របាយការណ៍នេះត្រូវបានផ្តល់ជូនអតិថិជនតាមរយៈ លាយលក្ខណ៍អក្សរ សារអេឡិចត្រូនិច ឬមធ្យោបាយ អេឡិចត្រូនិចផ្សេងទៀតដែលត្រូវបានយល់ព្រមពីអតិថិជនជាមុន។
៣.ការជួញដូរឧបករណ៍និស្សន្ទ
៣.១.អតិថិជនយល់ព្រមដាក់តម្កល់ប្រាក់ ឬទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ធានា មុនពេលធ្វើការជួញដូរឧបករណ៍និស្សន្ទម្តងៗ។
៣.២.ដើម្បីដាក់បញ្ជាលក់ ឬទិញឧបករណ៍និស្សន្ទតាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនត្រូវយល់ដឹងឲ្យបានច្បាស់ពីប្រភេទផ្សេងៗ និងលក្ខខណ្ឌនៃបញ្ជាលក់ ឬទិញដែលកំណត់ដោយក្រុមហ៊ុនសមភាគី កណ្តាល អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងវិធានជាធរមាន។
៣.៣.បញ្ជាលក់ឬទិញអាចធ្វើឡើងតាមរយៈឯកសារ ជាលាយលក្ខណ៍អក្សរ សម្លេង សារអេឡិចត្រូនិច ឬ មធ្យោបាយអេឡិចត្រូនិចផ្សេងទៀត។ នៅពេលទទួលបញ្ជាពីអតិថិជន ក្រុមហ៊ុនត្រូវធ្វើកំណត់ត្រាបញ្ជានោះក្នុងទម្រង់ជាឯកសារ ជាលាយលក្ខណ៍អក្សរ ឬថតសម្លេង ឬតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីផ្ទៀងផ្ទាត់បញ្ជារបស់អតិថិជន។ កំណត់ត្រានៃបញ្ជានោះត្រូវបង្ហាញឈ្មោះរបស់អតិថិជន លេខគណនីជួញដូរ ព័ត៌មានលម្អិតនៃបញ្ជា និងកាលបរិច្ឆេទនិងពេលវេលានៃការដាក់បញ្ជាជាដើម។ ករណីការដាក់បញ្ជាលក់ ឬទិញឧបករណ៍និស្សន្ទធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនយល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនថតសម្លេងទាក់ទងនឹងបញ្ជាលក់ ឬទិញតាមរយៈទូរស័ព្ទដើម្បីឲ្យក្រុមហ៊ុនទុកជាភស្តុតាង។
៣.៤.ក្រុមហ៊ុនត្រូវធានាឲ្យមាននូវយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការទទួលបញ្ជាលក់ ឬទិញពីអតិថិជន។
៣.៥.ក្រុមហ៊ុនត្រូវផ្តល់ព័ត៌មានដល់អតិថិជនអំពីហានិភ័យផ្សេងៗ ដែលអាចកើតមានពេលដាក់បញ្ជាលក់ ឬទិញ និងក្រុមហ៊ុនត្រូវទទួលខុសត្រូវលើហានិភ័យនៃការរអាក់រអួលប្រព័ន្ធទូរស័ព្ទ អ៊ីនធឺណែត ឬប្រព័ន្ធជួញដូរផ្ទៃក្នុងរបស់ក្រុមហ៊ុនក្នុងពេលទទួលបញ្ជាលក់ ឬទិញពីអតិថិជន។
៣.៦.ក្រុមហ៊ុនធានាកាត់បន្ថយជាអតិបរមានូវហានិភ័យដែលអាចកើតមានឡើង ពាក់ព័ន្ធនឹងការបញ្ជាលក់ ឬទិញ។
៣.៧.ក្រុមហ៊ុនត្រូវជូនដំណឹងភ្លាមដល់អតិថិជន ក្នុងករណីក្រុមហ៊ុនដឹងថាមានបុគ្គលដែលមិនបាន ទទួលសិទ្ធិបញ្ជាលក់ ឬទិញ ប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជនដើម្បីដាក់បញ្ជាលក់ ឬទិញ។
៣.៨.អតិថិជនត្រូវទទួលស្គាល់ថាបានសិក្សា និងយល់ដឹងច្បាស់លាស់អំពីហានិភ័យដែលអាចកើតឡើងក្នុងការដាក់បញ្ជាលក់ ឬទិញដែលក្រុមហ៊ុនបានផ្តល់ព័ត៌មាន។
៣.៩.អតិថិជនត្រូវជូនដំណឹងភ្លាមដល់ក្រុមហ៊ុន ក្នុងករណីអតិថិជនដឹងថាមានបុគ្គលដែលមិនបាន ទទួលសិទ្ធិបញ្ជាលក់ ឬទិញប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជនដើម្បីដាក់បញ្ជាលក់ ឬទិញ។
៣.១០.អតិថិជនទទួលស្គាល់ និងយល់ព្រមថាការទិញ ឬលក់ឧបករណ៍និស្សន្ទតាមរយៈឈ្មួញជើងសាឧបករណ៍និស្សន្ទ គឺជាការទិញ ឬលក់រវាងអតិថិជនជាមួយក្រុមហ៊ុនសមភាគីកណ្តាល ដែលភាគីម្ខាងទៀតនៃកិច្ចសន្យាដែលក្រុមហ៊ុនជាភ្នាក់ងារ។
៤. ម៉ាជីន
៤.១.អតិថិជនយល់ព្រមដាក់តម្កល់សាច់ប្រាក់ជាមួយក្រុមហ៊ុន ក្នុងគោលបំណងធ្វើការជួញដូរឧបករណ៍និស្សន្ទទៅតាមម៉ាជីនដែលកំណត់ដោយក្រុមហ៊ុនអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងវិធាន ជាធរមានក្នុងទំហំសាច់ប្រាក់មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល ឬ ៥០.000 (ហាសិបពាន់) ដុល្លាអាមេរិក លើកលែងតែអតិថិជននោះជាវិនិយោគិនគុណវុឌ្ឍិដែលបំពេញលក្ខណ្ឌតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។
៤.២.ក្រុមហ៊ុនត្រូវដាក់សាច់ប្រាក់អតិថិជនក្នុងគណនីដាច់ដោយឡែកពីគណនីរបស់ក្រុមហ៊ុននៅភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក.។
៤.៣.ក្រុមហ៊ុននឹងគណនាតម្លៃនៃឧបករណ៍និស្សន្ទទៅក្នុងគណនីរបស់អតិថិជន និងកែតម្រូវម៉ាជីនដែលបានដាក់តម្កល់ដោយអតិថិជននៅក្រុមហ៊ុន យ៉ាងយូត្រឹមចុងថ្ងៃជួញដូរដើម្បីឲ្យកម្រិតម៉ាជីននៅក្នុងគណនីរបស់អតិថិជនស្របតាមច្បាប់ បទប្បញ្ញត្តិ និងវិធានជាធរមាន។
៤.៤.អតិថិជនយល់ព្រមអនុវត្តម៉ាជីនរក្សាដែលកំណត់ដោយក្រុមហ៊ុន អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងវិធានជាធរមាន។ ប្រសិនបើកម្រិតម៉ាជីនរបស់អតិថិជនទាបជាងម៉ាជីនរក្សា អតិថិជនត្រូវ ពិនិត្យពីភាពគ្រប់គ្រាន់នៃកម្រិតម៉ាជីនដូចដែលក្រុមហ៊ុនបានជូនដំណឹងទៅអតិថិជន តាមរយៈមធ្យោបាយដែលទទួលយល់ព្រមជាមុនពីអតិថិជនដូចជា លិខិតលាយលក្ខណ៍អក្សរ ទូរសារ ទូរស័ព្ទ អ៊ីម៉ែល ឬមធ្យោបាយអេឡិចត្រូនិចផ្សេងៗទៀត និងអតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមដើម្បីឲ្យកម្រិតម៉ាជីនក្នុងគណនីរបស់អតិថិជនមិនទាបជាងម៉ាជីនដំបូង។ អតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមម៉ាជីននៅក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលបានកំណត់ដោយក្រុមហ៊ុន។
៤.៥.អតិថិជនអាចដកសាច់ប្រាក់ដែលបានដាក់តម្កល់ក្នុងករណីកម្រិតម៉ាជីនក្នុងគណនីរបស់អតិថិជន ខ្ពស់ជាងម៉ាជីនដំបូង។
៤.៦.ករណីក្រុមហ៊ុនមិនបានទទួលសាច់ប្រាក់បន្ថែមពីអតិថិជនក្នុងរយៈពេលដែលបានកំណត់ក្រុមហ៊ុនមានសិទ្ធដូចខាងក្រោម៖
៤.៧.ក្រុមហ៊ុនមិនត្រូវដកសាច់ប្រាក់របស់អតិថិជនឡើយ លើកលែងករណីដូចខាងក្រោម៖
៥.ការបិទការជួញដូរឧបករណ៍និស្សន្ទ
៥.១.ក្រុមហ៊ុនអាចចាត់វិធានការចំពោះអតិថិជន ប្រសិនបើមានស្ថានភាពណាមួយដូចខាងក្រោម៖
៥.២.វិធានការដែលក្រុមហ៊ុនអាចចាត់ចំពោះអតិថិជនដូចខាងក្រោម៖
៦.ផលប្រយោជន៍ និងទំនាក់ទំនង
ក្រុមហ៊ុនត្រូវបញ្ជាក់រាល់ផលប្រយោជន៍ និងទំនាក់ទំនងទាំងអស់រវាងក្រុមហ៊ុន និងបុគ្គលផ្សេងទៀត ដែលអាចមានឥទ្ធិពលដល់ក្រុមហ៊ុន ឬភ្នាក់ងារជើងសាឧបករណ៍និស្សន្ទក្នុងតារាង [២] ដោយអនុលោមតាម លក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិពាក់ព័ន្ធ។
៧. ការតវ៉ា
៧.១.ករណីមានបញ្ហា ឬភាពមិនប្រក្រតីនៅក្នុងគណនីជួញដូររបស់ខ្លួន អតិថិជនត្រូវជូនដំណឹង និងធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន ឬភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ ដើម្បីធ្វើការត្រួតពិនិត្យ និងបកស្រាយលម្អិតអំពីស្ថានភាពនៃបញ្ហាទៅតាមនីតិវិធីរបស់ក្រុមហ៊ុន។
៧.២.ករណីក្រុមហ៊ុន ឬភ្នាក់ងារជើងសាឧបករណ៍និស្សន្ទមិនអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ អិតិថិជនអាចធ្វើបណ្តឹងជាលាយលក្ខណ៍អក្សរដោយត្រូវមានបញ្ជាក់ឈ្មោះ និងព័ត៌មានលម្អិតនៃបុគ្គលដោះស្រាយការតវ៉ារបស់ក្រុមហ៊ុន។
៧.៣.ក្រុមហ៊ុនត្រូវយល់ព្រមដោះស្រាយវិវាទរបស់អតិថិជនក្នុងអំឡុងពេល៧(ប្រាំពីរ)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលបណ្តឹង។
៨. ការរក្សាការសម្ងាត់
ក្រុមហ៊ុនយល់ព្រមថាមិនត្រូវដាក់បង្ហាញព័ត៌មានសម្ងាត់របស់អតិថិជន ឬព័ត៌មានសម្ងាត់ដ៏ទៃទៀតពាក់ព័ន្ធនឹងអតិថិជនដែលក្រុមហ៊ុនទទួលបានក្នុងក្របខ័ណ្ឌផ្តល់សេវាកម្មស្របតាមកិច្ចព្រមព្រៀងនេះ ទៅឲ្យបុគ្គលណាមួយឡើយ លើកលែងតែមានករណីណាមួយដូចខាងក្រោម៖
៨.១.មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអតិថិជន ដោយមានបញ្ជាក់ពីបុគ្គលដែលមានសិទ្ធិទទួលព័ត៌មានសម្ងាត់នោះ។
៨.២.មានការតម្រូវពី ន.ម.ក. ឬតុលាការនៃព្រះរាជាណាចក្រកម្ពុជា។
៨.៣.មានតម្រូវដោយច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
អតិថិជនមិនត្រូវធ្វើការផ្សព្វផ្សាយ ឬចែករំលែកជាសាធារណៈនូវព័ត៌មានសម្ងាត់ ភាពមិនប្រក្រតី ឬបញ្ហាមិនពេញចិត្តលើសេវាកម្មណាមួយ ដែលនាំអោយមានការភាន់ច្រឡំ ឬយល់ខុស ដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ដោយពុំមានការអនុញ្ញាតពីក្រុមហ៊ុននោះទេ។
៩.ការជូនដំណឹង
៩.១.រាល់របាយការណ៍ និងការជូនដំណឹងដែលផ្តល់ឲ្យអតិថិជនត្រូវស្របតាមកិច្ចព្រមព្រៀងនេះ ឬ ច្បាប់ និងបទប្បញ្ញត្តិ លើកលែងតែមានសំណើជាលាយលក្ខណ៍អក្សរផ្សេងពីនេះពីអតិថិជន។
៩.២.អតិថិជនព្រមព្រៀងជូនដំណឹងភ្លាមៗដល់ក្រុមហ៊ុននៅពេលមានកាផ្លាស់ប្តូរអាសយដ្ឋាន ឬ ព័ត៌មានសម្រាប់ទំនាក់ទំនងផ្សេងទៀតរបស់ខ្លួន។ ករណីអតិថិជនខកខានមិនបានជូនដំណឹងដល់ក្រុមហ៊ុន ពីការផ្លាស់ប្តូរទាំងនេះ រាល់របាយការណ៍ ឬការជូនដំណឹងត្រូវផ្ញើជូនអតិជនទៅកាន់អាសយដ្ឋានដែលក្រុមហ៊ុនបានដឹងចុងក្រោយ។
១០.កិច្ចព្រមព្រៀងរួម
រាល់បទបង្ហាញ ឬសេចក្តីថ្លែងការណ៍ ឬកិច្ចព្រមព្រៀងផ្សេងទៀតដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងនេះ ទោះជាលាយលក្ខណ៍អក្សរ ឬក៏ផ្ទាល់មាត់រវាងភាគីទាំងសងខាង មិនមានអនុភាពអនុវត្តឡើយ។
១១.ច្បាប់ចម្លងនៃកិច្ចព្រមព្រៀង
កិច្ចព្រមព្រៀងនេះធ្វើឡើងជាពីរច្បាប់ ដែលមានចុះហត្ថលេខា និងត្រារបស់ក្រុមហ៊ុន ឬស្នាមម្រាមដៃរបស់ភាគីទាំងសងខាង ហើយក្រុមហ៊ុនត្រូវផ្តល់ឲ្យអតិថិជនមួយច្បាប់ភ្លាមៗ និងមួយច្បាប់ទៀតរក្សាទុកនៅក្រុមហ៊ុន។
១២. ការកែប្រែ
កិច្ចព្រមព្រៀងនេះ អាចកែប្រែនៅពេលមានការយល់ព្រមរវាងភាគីទាំងសងខាង។ នៅពេលមាន ការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនត្រូវមានការកែប្រែកិច្ចព្រមព្រៀងនេះឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលបានធ្វើវិសោធនកម្ម ដោយមិនចាំបាច់មានការយល់ព្រមពីអតិថិជន និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អតិថិជនអំពីការកែប្រែកិច្ចព្រមព្រៀងនេះ។
១៣. ការចាត់តាំង
អតិថិជនព្រមព្រៀងថា រាល់សិទ្ធិនិងកាតព្វកិច្ចដែលមានកំណត់ក្នុងកិច្ចព្រមព្រៀងនេះនឹងត្រូវផ្ទេរទៅ ឲ្យប្រតិសិទ្ធិសាកល ប្រតិសិទ្ធិដោយឡែក និងអ្នកតំណាងរបស់អតិថិជននៅក្នុងតារាទី៣ ក្នុងករណីមានការផ្លាស់ប្តូរកម្មសិទ្ធិ នៃទ្រព្យសម្បត្តិរបស់អតិថិជនដែលមាននៅក្នុងក្រុមហ៊ុនដែលកើតឡើងដោយប្រតិបត្តិនៃច្បាប់ ការទទួល មរណៈភាពរបស់អតិថិជន ក្ស័យធន អសមត្ថភាព ដីកាតុលាការ ឬដោយហេតុផលណាមួយផ្សេងទៀត។ ក្នុងករណីនេះក្រុមហ៊ុនត្រូវចាត់ចែងរាល់ការផ្ទេរទ្រព្យសម្បត្តិនោះ។
១៤. ច្បាប់គ្រប់គ្រង
១៤.១.កិច្ចព្រមព្រៀងនេះត្រូវស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។
១៤.២.រាល់វិវាទដែលកើតចេញពីកិច្ចព្រមព្រៀងនេះ អាចដោះស្រាយតាមនិតិវិធីដោះស្រាយវិវាទដែលកំណត់ដោយ ន.ម.ក.។
១៥. ការបញ្ចប់កិច្ចព្រមព្រៀង
១៥.១.ភាគីនីមួយៗមានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងនេះគ្រប់ពេលវេលា ដោយត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរជាមុនក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃដល់ភាគីម្ខាងទៀត។
១៥.២.ភាគីទាំងពីរយល់ព្រមថាការបញ្ចប់កិច្ចព្រមព្រៀងនេះ មិនប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចព្រមទាំងផលប្រយោជន៍ដែលមិនទាន់អនុវត្តចប់របស់ភាគីនីមួយៗ ដែលមានមុនពេលបញ្ចប់កិច្ចព្រមព្រៀងនេះ។
១៦. កត្តាហានិភ័យ
១៦.១.អតិថិជនបានសិក្សាពីហានិភ័យពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ និងបានយល់ដឹងពីការជួញដូរឧបករណ៍និស្សន្ទ យន្តការ និងការអនុវត្តការជូញដូរ ការដាក់សាច់ប្រាក់តម្កល់ក្នុងគណនី កត្តាហានិភ័យ និងព្យសនកម្មដែលជាលទ្ធផលបណ្តាលមកពីជួញដូរឧបករណ៍និស្សន្ទ។ អតិថិជនក៏បានយល់ដឹងពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមទាំងសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ភាគីនីមួយៗនៅក្នុងកិច្ចព្រមព្រៀងនេះ។
១៦.២.អតិថិជនយល់ដឹង និងទទួលស្គាល់ថា ការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរមួយប្រភេទ ដែលមានហានិភ័យខ្ពស់ ដោយថ្លៃមានការប្រែប្រួលលឿន។
១៦.៣.មុនចុះហត្ថលេខាជាមួយអតិថិជន ភ្នាក់ងារឈ្មួញជើងសាឧបករណ៍និស្សន្ទដែលទាក់ទងដោយផ្ទាល់ជាមួយអតិថិជនបានពន្យល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះដល់អតិថិជន និងបានពន្យល់លម្អិតពីវិធីសាស្រ្តនៃការដាក់បញ្ជាទាំងអស់ និងហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការដាក់ បញ្ជានីមួយៗដល់អតិថិជន។ ភ្នាក់ងារឈ្មួញជើងសាឧបករណ៍និស្សន្ទអាចផ្តល់ជូនអតិថិជននូវឯកសារផ្តល់ព័ត៌មានអំពីហានិភ័យ និងត្រូវពន្យល់លម្អិតពីហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ។
កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីពេលភាគីទាំងពីរបានព្រមព្រៀងគ្នាដោយមានចុះហត្ថលេខា ឬស្នាមម្រាមដៃខាងក្រោម៖
| ហត្ថលេខា ឬស្នាមម្រាមដៃ ឈ្មោះពេញ និងត្រា(ករណីស្ថាប័ន) របស់អតិថិជន | ហត្ថលេខា ឬស្នាមម្រាមដៃឈ្មោះពេញ និងត្រារបស់ក្រុមហ៊ុន |
| កាលបរិច្ឆេទ៖ | កាលបរិច្ឆេទ៖ |
សេចក្ដីប្រកាសទទួលស្គាល់ហានិភ័យ
សេចក្តីប្រកាសទទួលស្គាល់ហានិភ័យនេះមិនបង្ហាញនូវហានិភ័យទាំងអស់ ដែលអាចកើតមានពីប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទនោះទេ។ ការធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទអាចប្រឈមនឹងហានិភ័យខ្ពស់ និងមានភាពស្មុគស្មាញច្រើន ដូចនេះ អតិថិជនត្រូវពិចារណាលើប្រភេទឧបករណ៍និស្សន្ទ បទពិសោធន៍ និងប្រភពហិរញ្ញវត្ថុរបស់អតិថិជនផ្ទាល់ ដើម្បីប្រាកដថាអតិថិជនអាចធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទបាន។ ទោះបីជាអតិថិជនធ្លាប់មានបទពិសោធន៍ក្នុងការជួញដូរឧបករណ៍និស្សន្ទក៏ដោយ ក៏អតិថិជននៅតែត្រូវយល់ដឹងអំពីហានិភ័យចម្បងៗដូចខាងក្រោម៖
១. ឥទ្ធិពលនៃឡេវើរ៉េច (Effect of Leverage)
មុននឹងអាចជួញដូរឧបករណ៍និស្សន្ទបាន ឈ្មួញជើងសាឧបករណ៍និស្សន្ទតម្រូវឲ្យអតិថិជនដាក់សាច់ប្រាក់តម្កល់ ដែលត្រូវបានគេហៅថាម៉ាជីនដំបូង។ ម៉ាជីនដំបូងនេះមានទំហំតូចបើធៀបទៅនឹងតម្លៃជាក់ស្តែងនៃឧបករណ៍និស្សន្ទ ប៉ុន្តែអនុញ្ញាតឲ្យអតិថិជនអាចធ្វើការជួញដូរបានលើសពីទំហំសាច់ប្រាក់ជាក់ស្តែងដែលខ្លួនមាន តាមរយៈអានុភាពនៃឡេវើរ៉េច។ ក្នុងកំឡុងពេលជួញដូរ បម្រែបម្រួលថ្លៃឧបករណ៍ និស្សន្ទនឹងប៉ះពាល់ដល់សាច់ប្រាក់តម្កល់របស់អតិថិជន ដែលអាចបង្កើតប្រាក់ចំណេញ ឬបង្កការខាតបង់ដល់អតិថិជន។ អតិថិជនអាចប្រឈមនឹងការខាតបង់ទាំងស្រុងនូវម៉ាជីនដំបូង និងសាច់ប្រាក់បន្ថែមដែលបានតម្កល់ជាមួយក្រុមហ៊ុន ដើម្បីរក្សាស្ថានភាពជួញដូររបស់ខ្លួន។
ក្នុងករណីកម្រិតម៉ាជីនរបស់អតិថិជនទាបជាងម៉ាជីនរក្សា អតិថិជននឹងទទួលបានម៉ាជីនខលពីឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលតម្រូវឲ្យអតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនី ក្នុង រយៈពេលជាក់លាក់មួយ ដើម្បីឲ្យកម្រិតម៉ាជីនក្នុងគណនីរបស់អតិថិជនកើនឡើងដល់លក្ខខណ្ឌតម្រូវ។ ក្នុងករណីអតិថិជនមិនបានដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនីតាមការកំណត់ អតិថិជនមិនអាចដាក់បញ្ជាទិញ-លក់ឧបករណ៍និស្សន្ទបន្ថែម ហើយរាល់ស្ថានភាពជួញដូរឧបករណ៍និស្សន្ទទាំងអស់ ឬមួយផ្នែករបស់អតិថិជនត្រូវបានបិទ ដែលអាចបង្កការខាតបង់ដល់អតិថិជន។
២. ហានិភ័យនៃបញ្ជាបញ្ឈប់ការខាត (Risks of Stop-Loss Order)
នៅក្នុងកាលៈទេសៈខ្លះ ដូចជាបម្រែបម្រួលថ្លៃលឿន ឬការបិទទីផ្សារ បញ្ជាបញ្ឈប់ការខាតមិនមានប្រសិទ្ធភាពនោះទេ ពោលគឺ បញ្ជាបញ្ឈប់ការខាតមិនអាចការពារអតិថិជនពីការខាតបានគ្រប់ពេលនោះទេ។ ក្នុងករណីមានភាពមិនប្រក្រតីនៃប្រព័ន្ធអេឡិចត្រូនិក បញ្ជារបស់អតិថិជនមិនអាចត្រូវបានអនុវត្ត ដែលអាចធ្វើឲ្យអតិថិជនប្រឈមនឹងហានិភ័យនៃការខាតក្នុងការដាក់បញ្ជាជួញដូរឧបករណ៍និស្សន្ទ ទោះបីជាអតិថិជនបានកម្រិតទំហំខាតជាក់លាក់រួចហើយក៏ដោយ។
៣. បម្រែបម្រួលទីផ្សារមូលដ្ឋាន (Underlying Market Volatility)
ឧបករណ៍និស្សន្ទគឺជាឧបករណ៍ដែលអនុញ្ញាតឲ្យអតិថិជនជួញដូរបម្រែបម្រួលថ្លៃក្នុងទីផ្សារមូលដ្ឋាន ឬឧបករណ៍មូលដ្ឋាន។ ទោះបីជាថ្លៃឧបករណ៍និស្សន្ទត្រូវបានផ្តល់ដោយក្រុមហ៊ុនសមភាគីកណ្តាលក៏ដោយ ក៏ថ្លៃនោះកើតចេញពីផ្សារមូលដ្ឋាន ឬឧបករណ៍មូលដ្ឋាន។ ដូចនេះ អតិថិជនត្រូវយល់ថា បម្រែបម្រួលទីផ្សារមូលដ្ឋានអាចជះឥទ្ធិពលលើថ្លៃឧបករណ៍និស្សន្ទ និងប្រាក់ចំណេញរបស់អតិថិជន។ ម្យ៉ាងវិញទៀត គម្លាតថ្លៃ (Spread) រវាងថ្លៃទិញ និងលក់នៃឧបករណ៍និស្សន្ទ អាចមានទំហំលើសពីគម្លាតថ្លៃដែលកំណត់នៅក្នុងវិធានប្រតិបត្តិការរបស់ក្រុមហ៊ុនសមភាគីកណ្តាល អាស្រ័យលើបម្រែបម្រួលថ្លៃក្នុងទីផ្សារមូលដ្ឋាន ឬឧបករណ៍មូលដ្ឋាន។
អតិថិជនគួរយល់ដឹងផងដែរអំពីគម្លាតនៃព្រឹត្តិការណ៍ដែលអាចបង្កើតប្រាក់ចំណេញ ឬបណ្តាលឲ្យខាតនៅក្នុងគណនីអតិថិជន។ គម្លាតនៃព្រឹត្តិការណ៍អាចកើតឡើងនៅពេលទីផ្សារមូលដ្ឋានបើក ឬបិទ។ អតិថិជនត្រូវមានពេលវេលាគ្រប់គ្រាន់ដើម្បីតាមដានការវិនិយោគរបស់ខ្លួនឲ្យបានទៀងទាត់។
៤. ការផ្អាក ឫការដាក់កំហិតនៃការជួញដូរ (Suspension or Restriction of Trading)
លក្ខខណ្ឌអសន្ទនីយភាពនៃទីផ្សារ ឬការអនុវត្តនៃវិធាននៃទីផ្សារមួយចំនួនអាចបង្កើនហានិភ័យនៃការខាតដោយសារអាចមានការលំបាក ឬមិនអាចធ្វើប្រតិបត្តិការទូទាត់ឬការកាត់កងស្ថានភាពជួញដូរបាន។
៥. សាច់ប្រាក់តម្កល់ (Deposited Cash)
អតិថិជនត្រូវប្រាកដថា សាច់ប្រាក់ដែលខ្លួនបានដាក់តម្កល់សម្រាប់ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទតាមរយៈឈ្មួញជើងសាឧបករណ៍និស្សន្ទ ត្រូវបានរក្សាទុកនៅក្នុងគណនីសាច់ប្រាក់អតិថិជនឧបករណ៍និស្សន្ទនៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលបានការទទួលស្គាល់ពី ន.ម.ក។ អតិថិជនត្រូវយល់ដឹងថា ការដាក់តម្កល់សាច់ប្រាក់សម្រាប់ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទនៅកន្លែងផ្សេង ជាអំពើផ្ទុយពីបទប្បញ្ញាត្តិ និងប្រឈមនូវហានិភ័យខ្ពស់។
៦. កម្រៃជើងសា ថ្លៃសេវា និងចំណាយផ្សេងៗ (Commission, Fees and other Charges)
មុនធ្វើការជួញដូរ អតិថិជនត្រូវទទួលបានការពន្យល់ច្បាស់លាស់អំពីកម្រៃជើងសា ថ្លៃសេវា ការប្រាក់ឆ្លងថ្ងៃ (Swap) និងចំណាយផ្សេងៗ ដែលអតិថិជនត្រូវទទួលបន្ទុក។ ចំណាយទាំងនេះនឹងប៉ះពាល់ដល់ប្រាក់ចំណេញសុទ្ធ ឬកំណើននៃការខាតរបស់អតិថិជន។
៧. ហានិភ័យរូបិយប័ណ្ណ (Currency Risks)
ប្រតិបត្តិការជួញដូរជារូបិយប័ណ្ណបរទេសនឹងប៉ះពាល់ដល់ការចំណេញ ឬខាតរបស់អតិថិជនដោយ សារបម្រែបម្រួលនៃអត្រាការប្រាក់ ដែលត្រូវឲ្យប្តូរពីរូបិយប័ណ្ណបរទេសនោះទៅជារូបិយប័ណ្ណផ្សេងទៀត។
៨. ហានិភ័យសន្ទនីយភាព (Liquidity Risks)
ឧបករណ៍និស្សន្ទខ្លះអាចមានកម្រិតសន្ទនីយភាពទាប ឬមិនមានសន្ទនីយភាព ដោយសារការថយចុះនៃតម្រូវការ ដែលធ្វើអោយអតិថិជនមិនអាចលក់ឧបករណ៍និស្សន្ទនោះ ឬមិនអាចទទួលបានព័ត៌មានអំពីថ្លៃឧបករណ៍និស្សន្ទនោះ ឬហានិភ័យពាក់ព័ន្ធ ដោយងាយស្រួល។
៩. ហានិភ័យនៃការអនុវត្តបញ្ជា (Execution Risks)
ហានិភ័យនេះអាចកើតឡើងក្នុងករណីដែលបញ្ជាទិញ-លក់ឧបករណ៍និស្សន្ទមិនត្រូវបានអនុវត្តភ្លាមៗ។
ឧទាហរណ៍៖ អាចមានការពន្យារពេលរវាងពេលដែលអតិថិជនដាក់បញ្ជា និងពេលដែលបញ្ជាត្រូវបានអនុវត្ត។ ដូចនេះ បញ្ជាអាចមិនត្រូវបានអនុវត្តនៅក្នុងថ្លៃដែលអតិថិជនរំពឹងទុក។
ហានិភ័យនេះក៏អាចកើតមានក្នុងករណីជួញដូរក្រោយទីផ្សារបិទផងដែរ។ អតិថិជនត្រូវដឹងថា ថ្លៃសម្រាប់ការជួញដូរអាចមានភាពខុសគ្នាពីថ្លៃបិទនៃឧបករណ៍មូលដ្ឋាន ពោលគឺ គម្លាតថ្លៃនៅពេលទីផ្សារបិទអាចមានទំហំធំជាងគម្លាតថ្លៃនៅពេលទីផ្សារបើក។
១០. ហានិភ័យសមភាគី (Counterparty Risks )
អតិថិជនត្រូវដឹងថា ការជួញដូរឧបករណ៍និស្សន្ទតាមរយៈឈ្មួញជើងសាឧបករណ៍និស្សន្ទ គឺជាការជួញដូររវាងអតិថិជន និងក្រុមហ៊ុនសមភាគីកណ្តាលដែលជាភាគីម្ខាងទៀតនៃកិច្ចសន្យា ដែលឈ្មួញជើងសាឧបករណ៍និស្សន្ទជាភ្នាក់ងារ។ ការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុនសមភាគីកណ្តាលគឺជាសមភាគីរបស់អតិថិជននៅក្នុងប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ។ ដូចនេះ មុនពេលធ្វើប្រតិបត្តិការជួញដូរ អតិថិជនត្រូវស្វែងយល់អំពីអាជ្ញាបណ្ណវិធានប្រតិបត្តិការឧបករណ៍និស្សន្ទ និងព័ត៌មានសំខាន់ផ្សេងទៀតរបស់ក្រុមហ៊ុនសមភាគីកណ្តាល ដែលឈ្មួញជើងសាឧបករណ៍និស្សន្ទបានតភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទជាមួយ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលអាចសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការជួញដូរ និងកាត់បន្ថយនូវហានិភ័យដែលអាចកើតមាន។
១១. ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Trading)
សម្រាប់ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិក អតិថិជនអាចប្រឈមនឹងហានិភ័យទាក់ទងនឹងប្រព័ន្ធជួញដូរដែលអាចមានការខូចផ្នែករឹង (Hardware) និង/ឬផ្នែកទន់ (Software)។ ការខូចផ្នែកណាមួយនៃប្រព័ន្ធជួញដូរបញ្ជាទិញ-លក់របស់អតិថិជនអាចមិនត្រូវបានអនុវត្តតាមការដាក់បញ្ជា ឬមិនត្រូវបានអនុវត្តទាំងស្រុង។ ក្នុងករណីនេះអតិថិជនត្រូវបញ្ជាក់ជាមួយក្រុមហ៊ុនដើម្បីធ្វើការដោះស្រាយ។
ខ្ញុំសូមប្រកាសទទួលស្គាល់ថា បានទទួលការពន្យល់ពីភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ និងយល់ដឹងអំពីហានិភ័យពាក់ព័ន្ធនឹងជួញដូរឧបករណ៍និស្សន្ទ។
| សម្រាប់អតិថិជនជារូបវន្តបុគ្គល | សម្រាប់អតិថិជនជានីតិបុគ្គល |
| ហត្ថលេខា ឈ្មោះរបស់អតិថិជន និងកាលបរិច្ឆេទ | ហត្ថលេខា ឈ្មោះរបស់អ្នកតំណាងក្រុមហ៊ុន ឈ្មោះរបស់ក្រុមហ៊ុន ត្រា និងកាលបរិច្ឆេទ |
| កាលបរិច្ឆេទ៖ | កាលបរិច្ឆេទ៖ |